20/05/2026
មោទនភាពសម្រាប់ខេត្តកំពត! យុវជនឆ្នើម២រូប គឺកីឡាករ ស៊ូ មេងហុង និង មិន រដ្ឋា បានជាប់ឈ្មោះក្នុងចំណោមកីឡាករ ៣៥នាក់ នៃបញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ដើម្បីចូលរួមធ្វើតេស្តសមត្ថភាពដំណាក់កាលទី២ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ នេះគឺជាសញ្ញាវិជ្ជមាន និងជាក្តីសង្ឃឹមថ្មីមួយសម្រាប់វិស័យបាល់ទាត់ខេត្តកំពត ក៏ដូចជាបាល់ទាត់កម្ពុជាទាំងមូល។
យុវជន ស៊ូ មេងហុង កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៧ មានតួនាទីជាខ្សែប្រយុទ្ធ ខណៈ មិន រដ្ឋា កើតថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨។ កីឡាករទាំងពីររូប គឺជាអតីតសមាជិកកីឡាករនៃសាលាបាល់ទាត់តម្រង់ទិសខេត្តកំពតអាយុក្រោម១៥ឆ្នាំ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ពីគ្រូនៅខេត្តកំពត មុននឹងធ្វើតេស្តជាប់ចូលសាលាបាល់ទាត់ជាតិបាទី កាលពីដើមឆ្នាំ២០២១។
បច្ចុប្បន្ន ស៊ូ មេងហុង កំពុងប្រកបអាជីពជាមួយក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ ខណៈ មិន រដ្ឋា កំពុងលេងអោយក្លឹប អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី។ ការជាប់ឈ្មោះក្នុងបញ្ជីជម្រើសជាតិ U19 លើកនេះ គឺជាឱកាសដ៏ធំមួយសម្រាប់ពួកគេទាំងពីរ ក្នុងការបង្ហាញសមត្ថភាព និងប្រជែងក្លាយជាផ្នែកមួយនៃក្រុមជម្រើសជាតិកម្ពុជា។
គួររំលឹកផងដែរថា យុវជន ស៊ូ មេងហុង ធ្លាប់បង្ហាញខ្លួនអោយជម្រើសជាតិកម្ពុជារួចមកហើយ និងបានស៊ុតបញ្ចូលទី២គ្រាប់ក្នុងការប្រកួតជាមួយអូស្ត្រាលី នៃពានរង្វាន់ AFF U16 Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី ដែលជាការបង្ហាញសមត្ថភាពគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ ចំណែកឯ មិន រដ្ឋា ក៏ធ្លាប់ជាប់ជម្រើសជាតិអាយុក្រោម១៧ឆ្នាំ ក្នុងការប្រកួតជម្រុះ AFC U17 Asian Cup Qualification 2024 ផងដែរ។
អ្វីដែលកាន់តែពិសេសនោះ គឺកីឡាករទាំងពីររូបសុទ្ធសឹងជាអតីតសិស្សសាលាកំពតក្រុង និងជាយុវជនដែលកើតចេញពីការបណ្តុះបណ្តាលរបស់សាលាតម្រង់ទិសខេត្តកំពត។ នេះជាមោទនភាពដ៏ធំមួយសម្រាប់ខេត្តកំពត ដែលអាចផលិតធនធានកីឡាករមានគុណភាព បន្តឈានទៅកាន់ក្លឹបអាជីព និងមានឱកាសបម្រើជាតិលើឆាកអន្តរជាតិ។
ថ្វីត្បិតតែសាលាតម្រង់ទិសខេត្តកំពត មិនទាន់ទទួលបានជោគជ័យធំក្នុងការប្រកួតពានរង្វាន់យុវជនក៏ដោយ ប៉ុន្តែការបណ្តុះបណ្តាលកីឡាករអោយក្លាយជាធនធានដ៏មានតម្លៃសម្រាប់បាល់ទាត់កម្ពុជា ជាបន្តបន្ទាប់ គឺជាជោគជ័យដ៏អស្ចារ្យ និងគួរអោយមានមោទកភាពបំផុត។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូបង្វឹកទាំង៤រូប នៃសាលាតម្រង់ទិសខេត្តកំពត រួមមាន លោកគ្រូ យី ប៊ុនធឿន, លោកគ្រូ យី វិវឌ្ឍន៍, លោកគ្រូ ឌូក សេរីទ្យា និងលោកគ្រូ អ៊ាម សំអាត ដែលបានខិតខំបណ្តុះបណ្តាល និងដុសខាត់កីឡាករទាំងនេះ តាំងពីវ័យក្មេងរហូតក្លាយជាកីឡាករមានសមត្ថភាព និងអនាគតភ្លឺស្វាងក្នុងវិស័យបាល់ទាត់។
សូមជូនពរប្អូនទាំងពីរ អោយទទួលបានជោគជ័យក្នុងការធ្វើតេស្ត បន្តជាប់ជម្រើសជាតិ និងមានឱកាសបង្ហាញខ្លួនលើឆាកអន្តរជាតិធំៗនាពេលអនាគត។ សូមបន្តខិតខំហ្វឹកហាត់ ពង្រឹងសមត្ថភាព និងរួមចំណែកលើកមុខមាត់បាល់ទាត់កម្ពុជាអោយកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។
អត្ថបទ៖ Les Fert
PiN 82 SHOP មានលក់ស្បែកជើងបាល់ទាត់គ្រប់ប្រភេទ ពត៌មានលម្អិតសូមទាក់ទងមកទូរស័ព្ទលេខ +855 68 544 435
EP Sport Shop - ហាងលក់សម្ភារៈកីឡា អ៊ីភី មានលក់សម្ភារៈកីឡា គ្រប់ប្រភេទ ពត៌មានលម្អិត សូមទាក់ទងមកទូរស័ព្ទលេខ +855 96 955 7873